cambodiadaily.com
សាលាឧទ្ធរណ៍សម្រេចលើកពេលប្រកាសសាលដីកាអតីតសកម្មជនគណបក្សសង្រ្គោះជាតិមួយរូបទៅថ្ងៃទី២១ ខែមករា - The Cambodia Daily Khmer
សាលាឧទ្ធរណ៍​ បានសម្រេច​ពន្យាពេលប្រកាសសាលដីការសំណុំរឿងអតីតសកម្មជនគណបក្សសង្រ្គោះជាតិខេត្តព្រះសីហនុ លោក ម៉ៃ ហុងស្រៀង ទៅថ្ងៃទី ២១ មករា ។ ការប្រកាសនេះ ធ្វើឡើង បន្ទាប់​សវនាការប្រើរយៈពេល​ជិត១​ម៉ោងនៅព្រឹកនេះដោយ​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ បានសម្រេច​លើកពេល​ប្រកាស​សាលដីកាទៅ​ថ្ងៃទី២១​ ខែមករា​ ឆ្នាំ២០២០​ ខាងមុខនេះ ដោយមិនបានបញ្ជាក់​មូលហេតុច្បាស់លាស់នោះឡើយ​។ ថ្លែងក្នុងសវនាការនៅព្រឹកនេះ អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ​ លោក ម៉ៃ ហុងស្រៀង បាន​​ប្រាប់​ចៅក្រម​សាលាឧទ្ធរណ៍​​ថា​ ​លោកមានជំងឺ​គាប​សរសៃ ហើយជំងឺនេះធ្វើទុក្ខកាន់ខ្លាំង​។ ដោយសារបញ្ហាសុខភាព ទើបលោកបានស្នើសុំឱ្យចៅក្រមទម្លាក់បទចោទ និង ដោះលែងឱ្យលោកមានសេរីភាពឡើងវិញ ។ ​ ​កាលពី​ថ្ងៃទី​១០​ ខែតុលា​ ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​លោក​ ម៉ៃ​ ហុង​ស្រៀ​ង ឱ្យ​ជាប់ពន្ធ​នា​គារ១ឆ្នាំ​កន្លះ​ ពី​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង​ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍​ ពាក់ព័ន្ធ​ការ​ផ្សព្វផ្សាយ​សា​រលើប​ណ្ដា​ញសង្គម​ហ្វេ​សប៊ុ​ក។ ក្នុង​បន្ទប់​សវនាការ​​ នា​ព្រឹកនេះ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង នៅតែស្នើឱ្យតុលាការ ​​ទម្លាក់​បទចោទប្រកាន់​ និង​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ ព្រោះរាល់ថ្ងៃ​នេះ​ លោក​មានជំងឺប្រចាំកាយ និងសម្រាក​មិនបាន​ ហើយការចោទប្រកាន់លោកកន្លងមកគឺជារឿងអយុត្តិធម៌។ …