cambodiadaily.com
ពលរដ្ឋមានជម្លោះដីធ្លី នៅខេត្តត្បូងឃ្មុំតវ៉ាមុខសាលាដំបូងខេត្ត ប្រឆាំងការសម្រេចមិនឱ្យពលរដ្ឋដាំដុះ - The Cambodia Daily Khmer
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិស្រែប្រាំង ភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជិត១រយនាក់ លើកគ្នាតវ៉ានៅមុខសាលាដំបូងខេត្តនេះ ដោយទាមទារឱ្យតុលាការអនុញ្ញាតឱ្យពលរដ្ឋអាចដាំដុះលើដីសហគមន៍ដែលពួកគេធ្លាប់អាស្រ័យផលកន្លងមកបានឡើយវិញ។ ប្រជាសហគមន៍នៅភូមិស្រែប្រាំងមួយរូប លោក សែម ចំណាន បានឱ្យដឹងថានៅព្រឹកនេះ ពលរដ្ឋរងគ្រោះដីធ្លីប្រមាណជិត១រយនាក់នៅឃុំត្រពាំងព្រីង បានលើកគ្នាតវ៉ានៅមុខសាលាដំបូងខេត្តត្បូងឃ្មុំ។ ការតវ៉ានោះ ក្នុងគោលបំណងបដិសេធន៍ លើដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ន របស់លោកចៅក្រមសាលាដំបូងខេត្តឈ្មោះ សុខ លី ដែលបានហាមឃាត់មិនឲ្យពួកគាត់ធ្វើការដាំដុះដំណាំលើដីរបស់ពួកគាត់ធ្លាប់អាស្រ័យផលកន្លងមក។ ការចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នរបស់ចៅក្រមសាលាដំបូងខេត្តនេះ ក្រោម ហេតុផលថាដីនៅភូមិស្រែប្រាំង និង ភូមិបុស្សស្នោរ ជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនចិនឈ្មោះ ហាម៉ីនីវេន អ៊ីនវេសមេន ដែលមានថៅកែជាជនជាតិចិនឈ្មោះ Xian Yi Jie។ ប្រជាសហគមន៍នៅភូមិស្រែប្រាំងដដែល លោក សែម ចំណាន ធ្លាប់ប្រាប់អ្នកសារព័ត៌មានក្នុងពេលឡើងមកដាក់ញ្ញត្តិនៅក្រសួងពាក់ព័ន្ធកាលពីថ្ងៃម្សិលមិញនារាជធានីភ្នំពេញថា កសិករដូចពួកគាត់ បើបាត់បង់ដីធ្លី គឺ ប្រៀបដូចបាត់ជីវិតយ៉ាងនោះឯង។ ជាមួយគ្នានេះ លោកជំរុញរដ្ឋាភិបាលចាត់វិធានការដោះស្រាយជម្លោះដីសហគមន៍របស់ពួកគាត់ជាមួយក្រុមហ៊ុនចិននោះ ជាបន្ទាន់។ ទំនាស់ដីសហគមន៍ប្រមាណ២ពាន់ហិកតា ជាមួយក្រុមហ៊ុនចិននេះ ក៏ឈានដល់ការចាប់ខ្លួនតំណាងពលរដ្ឋនៅភូមិបុស្សស្នោរ និងភូមិស្រែប្រាំងចំនួន២នាក់ រួមមានលោក ផុន ឈឿន និងលោក សែម សាង។ ពលរដ្ឋធ្លាប់ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ដោះលែងតំណាងរបស់ពួកគាត់វិញ …