cambodiadaily.com
រដ្ឋាភិបាលណែនាំឱ្យពលរដ្ឋប្រុងប្រយ័តុ្ននឹងវីរុសប្រភេទថ្មីវាយប្រហារលើផ្លូវដង្ហើមដែលមានប្រភពនៅប្រទេសចិន - The Cambodia Daily Khmer
ក្រសួងសុខាភិបាលកម្ពុជាបានក្រើនរំឭកដល់ពលរដ្ឋកម្ពុជាទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះជំងឺប្រភទេថ្មី ឬ វីរុសថ្មីមួយ ដែលវាយប្រហារលើផ្លូវដង្ហើមរបស់មនុស្ស ហើយទើបផ្ទុះឡើងនៅខេត្តហ៊ុយបេ ប្រទេសចិន។ យោងតាមលិខិតជូនដំណឹងរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា បើគិតត្រឹមថ្ងៃទី៥ ខែមករា មានមនុស្សជិត៦០នាក់ នៅទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវបានរកឃើញមានបញ្ហារលាកសួត។ មូលហេតុបណ្តាលឱ្យមានបញ្ហារលាកសួត ដោយសារវីរុសមិនស្គាល់អត្តសញ្ញាណមួយប្រភេទ ដែលរដ្ឋាភិបាលចិនកំពុងដាក់ឱ្យឋិតក្រោមការតាមដាននៅបន្ទប់ដាច់ដោយឡែក។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវក្នុងលិខិតដដែល ដល់ពលរដ្ឋពិសេសអ្នកធ្វើដំណើរចេញចូល តំបន់កើតហេតុខាងលើនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងចេះប្រើវិធីបង្ការខ្លួនកុំឱ្យឆ្លងជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណមួយ ដែលអាចកើតមានជាយថាហេតុ។ លើសពីនេះ លោក ម៉ម ប៊ុនហេង ក៏បានណែនាំឱ្យពលរដ្ឋគ្រប់រូបគួរចៀសវាងទៅតំបន់ផ្ទុះជំងឺ ឬ ប៉ះពាល់អ្នកជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ និងត្រូវសម្អាតដៃ និងបរិភោគចំណីអាហារដែលមានអនាម័យ។ ក្រសួងថា បើមានអាការៈផ្លូវដង្ហើម ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក ឬកណ្ដាស់ និងពាក់ម៉ាស់ការពារជាដើម។ យ៉ាងនេះក្តី ក្រសួងសុខាភិបាលបញ្ជាក់ថា កម្ពុជាមិនទាន់រកឃើញករណីជំងឺនេះនៅឡើយ ប៉ុន្តែ ខាងក្រសួងបានដាក់ម៉ាស៊ីនស្គេនកម្ដៅ និងមន្ត្រីជំនាញ ដើម្បីស្រាវជ្រាវករណីសង្ស័យនៅតាមព្រលានយន្តហោះអន្តរជាតិក្នុងប្រទេសរួចហើយដែរ។ អង្គការសុខភាពពិភពលោក បានឱ្យដឹងកាលពីថ្ងៃទី៥ ខែមករា …