cambodiadaily.com
សហគមន៍ដីធ្លីនៅខេត្តត្បូងឃ្មុំនិងខេត្តស្វាយរៀងដាក់ញ្ញត្តិទៅក្រសួងចំនួនពីរទាមទារដោះលែងតំណាងរបស់ពួកគាត់ - The Cambodia Daily Khmer
សហគមន៍ដីធ្លីមកពីខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ប្រមាណ១០០នាក់ នាំគ្នាយកញ្ញត្តិទៅដាក់នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងមហាផ្ទៃ ដើម្បីជំរុញឱ្យដោះលែងតំណាងពលរដ្ឋមកពីខេត្តត្បូងឃ្មុំចំនួនពីររូបរួមមានលោក ផុន ឈឿន និង លោក សែម សាង ឱ្យមានសេរីភាពវិញ។ ការស្នើសុំនេះ ក្រោយពេលតំណាងពលរដ្ឋទាំងពីររូបនោះ ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនមកឃុំនៅពន្ធនាគារ កាលពីខែតុលា ឆ្នាំមុន តាមកាបង្គាប់របស់តុលាការខេត្តត្បូងឃ្មុំ។ ទំព័រហ្វេសប៊ុកសហគមន៍ដីធ្លីភូមិស្រែប្រាំង ខេត្តត្បូងឃ្មុំបានឱ្យដឹងថា នៅថ្ងៃនេះថា ក្រៅពីដាក់ញ្ញត្តិឱ្យក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ដោះលែងតំណាងរបស់ពលរដ្ឋទាំងនោះ ពួកគេក៏បានស្នើឱ្យក្រសួងយុត្តិធម៌ជួយអន្តរាគមន៍រឿងនេះផងដែរ ដោយស្នើឱ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់ទៅលើតំណាងរបស់ពួកគាត់។ ប្រភពដដែល អះអាងថា លោក ផុន ឈឿន និង លោក សែម សាង មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ ផ្ទុយទៅវិញពួកគេតែងចេញមុខតវ៉ាចំពោះការរំលោភដីសហគមន៍ និងការពារព្រៃសហគមន៍នៅឃុំត្រពាំងព្រីង ពីសំណាក់ក្រុមហ៊ុនចិនឈ្មោះ ហាមិនីវេន អ៊ិនវេសមេន។ លើសពីនេះ ពលរដ្ឋក៏ស្នើឱ្យក្រសួងកសិកម្ម និងក្រសួងមហាផ្ទៃ ជួយដោះស្រាយបញ្ហាដីធ្លីជាង១ពាន់ហិកតា ជាមួយក្រុមហ៊ុនចិនមួយនេះឱ្យបានឆាប់រហ័ស។ យ៉ាងនេះក្តី សំណុំរឿងលោកផុន ឈឿន ត្រូវបានសាលាឧទ្ធរណ៍ កាលពីម្សិលមិញ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំបើទោះបីជាតំណាងពលរដ្ឋរូបនេះ កំពុងមានជំងឺប្រចាំកាយ និងខ្វះបង្គោលក្នុងគ្រួសារដើម្បីរកប្រាក់ដោះបំណុលធនាគារក៏ដោយ។ …