cambodiadaily.com
មនុស្សជាង២ម៉ឺននាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនឆ្នាំ២០១៩ - The Cambodia Daily Khmer
សមត្ថកិច្ច បានឃាត់មនុស្សប្រុសស្ត្រីនៅទូទាំងប្រទេស ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនសរុបជាង២ម៉ឺននាក់ នៅឆ្នាំ២០១៩ ដោយក្នុងនោះមានជនបរទេសប្រមាណ៤រយនាក់។ របាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀន ដែលចេញផ្សាយ កាលពីថ្ងៃម្សិលមិញ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ សមត្ថកិច្ចនៅទូទាំងប្រទេសបានចាប់ខ្លួនមនុស្សជាង២ម៉ឺននាក់ និងបង្ក្រាបល្មើសគ្រឿងញៀនជិត១ម៉ឺនករណី។ ការបង្ក្រាបនោះ សមត្ថកិច្ច រឹបអូសបានសារធាតុញៀនគ្រប់ប្រភេទមានចំនួនជិត១តោន(៧២០) និងកញ្ឆាក្រៀមជិត១០០គីឡូក្រាម ព្រមទាំងដើមកញ្ឆាស្រស់ជាង៩ម៉ឺនដើម។ របាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀនដដែល ឱ្យដឹងទៀតថាចំនួនគ្រឿងញៀនបង្ក្រាបនៅឆ្នាំមុន បានកើនឡើងជិត២០០គីឡូក្រាមបើធៀបនឹងការបង្ក្រាបកាលពីឆ្នាំ២០១៨។ កាលពី ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានបង្ហាញក្តីបារម្ភចំពោះការរីករាលដាលនៃគ្រឿងញៀនដល់ទីជនបទ ហើយលោកក៏បានបញ្ជាអាជ្ញាធរ សមត្ថកិច្ច នៅទូទាំងប្រទេសត្រូវលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនឱ្យបាន ពិសេសលុបបំបាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀននៅតាមកន្លែងកម្សាន្តសប្បាយ រង្គសាល ក្លិបឌីស្កូ និងខារ៉ាអូខេ ឲ្យបានដាច់ខាតនៅឆ្នាំ២០១៩ នេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដដែល ក៏បានទទួលស្គាល់ថា គ្រឿងញៀន បានបំផ្លាញធនធានមនុស្សរបស់កម្ពុជា ដោយសារតែអ្នកប្រើប្រាស់គ្រឿងញៀន មានអាយុចាប់ពី ១៨ ឆ្នាំ ដល់៤០ឆ្នាំ។ បញ្ហានេះ លោកបញ្ជាឱ្យមានការចូលរួមលុបបំបាត់ និងកាត់បន្ថយការប្រើប្រាស់ រួមទាំងការជួញដូរគ្រឿងញៀនឲ្យខានតែបាន ដើម្បីអនាគតយុវជនកម្ពុជា៕ © 2020, ខេមបូឌា ដេលី. All …