cambodiadaily.com
លោកហ៊ុន សែន ផ្តល់លុយរដ្ឋ៣០លានដុល្លារ ជួយដល់មន្ទីរពេទ្យដែលគ្រប់គ្រងដោយក្មួយរបស់ខ្លួន - The Cambodia Daily Khmer
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន សម្រេចយកថវិការដ្ឋចំនួន៣០លានដុល្លារ ប្រគល់ទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោមហេតុផលថាមន្ទីរពេទ្យនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រសួងសុខាភិបាលខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាងសង់អាគារថ្មីព្រមទាំងទិញសម្ភារៈសម្រាប់បំពាក់​អាគារថ្មីនិងអាគារដែលមានរួចមកហើយ។ លើសពីនេះ ការផ្តល់ថវិកាទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយពេលម្តាយក្មេករបស់លោកកំពុងមានវត្តមាននៅមន្ទីរពេទ្យនេះ ដើម្បីសម្រាកនិងព្យាបាលជំងឺ។ ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានអះអាងថាលោក សម្រេចបញ្ចេញថវិការដ្ឋចំនួន៣០លានដុល្លារដើម្បីបន្តកសាងអាគារកំពស់១២ជាន់ដែលមន្ទីរពេទ្យបានសាងសង់បាន១៧ភាគរយរួចមកហើយ ក្នុងតម្លៃជិត៤០លានដុល្លារសហរដ្ឋអាមេរិក(៣៩លាន​ ៧សែន)។ ដោយឡែក សម្រាប់ការបំពាក់សម្ភារៈបរិក្ខារទាំងនៅអាគារថ្មីនិងអាគារចាស់ លោកបានគៀងគររកជំនួយពី​សប្បុរសជនចូលរួមជួយដល់ជិវិតមនុស្សបានថវិកាចំនួន៥៣លានដុល្លារគិតត្រឹម ម៉ោង៤ល្ងាច​ ថ្ងៃ២៤​ វិច្ឆិកា២០១៩ ហើយលោកសង្ឃឹមថានឹងមានសប្បុរសជន ចូលរួមបន្ថែមទៀតដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាលម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជាយើង។ ការបញ្ចេញថវិការដ្ឋជួយដល់មន្ទីរពេទ្យកាល់ម៉ែត្រនេះ ក៏រងការរិះគន់មួយចំនួនផងដែរ ត្បិតមន្ទីរពេទ្យនេះគ្រប់គ្រងដោយក្មួយប្រសាររបស់លោកហ៊ុន សែន គឺ លោក ឈាន រ៉ា ដែលជាក្មួយបង្កើតរបស់អ្នកស្រី ប៊ុន រ៉ានីហ៊ុន សែន។ បន្ថែមពីនេះ មន្ទីរពេទ្យនេះ ក៏ធ្លាប់ជាមន្ទីរពេទ្យដែលមានរឿងអាស្រូវច្រើនពាក់ព័ន្ធសេវាកម្មថ្លៃ ហួសពីសមត្ថភាពរបស់ពលរដ្ឋខ្មែរមួយចំនួនធំ ហើយថាជាពេទ្យគិតរឿងប្រាក់ច្រើនជាងរឿងជីវិតមនុស្ស ជាដើម។ ទោះបីជាយ៉ាងនេះក្តី ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមួយចំនួន សង្ឃឹមថាក្រោយពេលរដ្ឋបញ្ចេញថវិកាយ៉ាងច្រើនជួយដល់មន្ទីរពេទ្យមួយនេះ សេវាកម្ម និងតម្លៃពិនិត្យ ឬ ព្យាបាលនៅពេទ្យនេះ នឹងផ្តល់លទ្ធភាពដល់ពលរដ្ឋទូទៅ ពិសេសពលរដ្ឋក្រីក្រ …