cambodiadaily.com
ជនជាតិកូរ៉េថា ការខកខានកិច្ចប្រជុំរបស់លោក ហ៊ុន សែន នៅប្រទេសខ្លួនជារូបភាពខុសឆ្គងផ្នែកការទូត - The Cambodia Daily Khmer
ជនជាតិកូរ៉េខាងត្បូងមួយចំនួនបានលើកឡើងថា ការខកខានវត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ ក្រោមហេតុផលសុខភាពម្តាយក្មេកឈឺធ្ងន់ គឺជាភាពឆ្គាំឆ្គងឬ ជាការមើលងាយដល់មេដឹកនាំកូរ៉េខាងត្បូងតាមបែបការទូតផងដែរ។ ប្រតិកម្មនេះ ធ្វើឡើងក្រោយពេល លោកនាយករដ្ឋមន្ត្រី បានប្រកាសលុបចោល​គម្រោងទៅចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េ និងកិច្ចប្រជុំ មេគង្គ-កូរ៉េ នៅថ្ងៃទី ២៤ វិច្ឆិកា ភ្លាមៗ ដោយតម្រូវឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ទៅចូលរួមជាតំណាងកម្ពុជាជំនួសលោក ក្រោមហេតុផលថាម្តាយក្មេករបស់លោកឈឺធ្ងន់ធ្ងរ។ លើទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន កាលពីថ្ងៃទី ២៣ វិច្ឆិកា លោកអះអាងថាពេលនេះ លោកកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់លោកកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបានទៀតផង។ លោកថាហេតុការណ៍នេះបានកើតឡើងចំពេលដែលលោកត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ និងប្រជុំមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី ២៤ វិច្ឆិកា។ ដោយបំពេញភារកិច្ចជាកូន លោកហ៊ុន សែន អះអាងថាលោកគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន និងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ឋ ចាន់អូចា ​ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់លោកសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ជាមួយគ្នានេះ ​ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ប្រាក់ សុខុន …