cambodiadaily.com
គណៈកម្មការទន្លេមេគង្គ ព្រមានថាកម្ពុជានិងប្រទេសបីជាប់ទន្លេមេគង្គ នឹងជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ - The Cambodia Daily Khmer
គណៈកម្មការទន្លេមេគង្គ ឬហៅថាMRC បានប្រកាសថា ប្រទេសដែលស្ថិតតាមដងទន្លេមេគង្គនឹងជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរចាប់ពីថ្ងៃទី ១៩ ខែវិច្ឆិកា ដល់ខែដើមឆ្នាំ ក្រោយ ។ គណៈកម្មការនេះ ក៏បានព្រមានថាប្រទេសកម្ពុជា និងប្រទេសថៃ នឹងជួបគ្រោះរាំងស្ងួតខ្លាំងជាងប្រទេសឡាវ និងវៀតណាម។ កាលពីថ្ងៃអង្គារ គណៈកម្មការទន្លេមេគង្គបានសេចក្តីប្រកាសព័ត៌មានមួយដោយ បញ្ជាក់ថា គ្រោះរាំងស្ងួតនេះបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ក្នុងរដូវវស្សា ព្រោះភ្លៀងមូសុងបានធ្លាក់មកយឺត ហើយភ្លៀងមូសុងនេះបានឈប់ធ្លាក់មុនពេលកំណត់ ព្រមទាំងមានបាតុភូតអែលនីណូ (El nino) ដែលបណ្តាលឱ្យមានកម្តៅ និងរំហួតខ្ពស់ខុសពីធម្មតា។ MRC ឱ្យដឹងថាគ្រោះរាំងស្ងួតនឹងមានសភាពកាន់តែធ្ងន់ធ្ងរចាប់ពីខែធ្នូ ឆ្នាំ ២០១៩ ដល់ខែមករា ឆ្នាំ ២០២០។ តំបន់ភាគខាងលិចឈៀងខាងជើងប្រទេសកម្ពុជាដែលមានខេត្តឧត្តរមានជ័យ ព្រះវិហារ និងសៀមរាបនឹងរងការប៉ះពាល់ខ្លាំងបំផុតពីគ្រោះរាំងស្ងួតនេះ។ ចាប់ពីសប្តាហ៍ទី ២ ខែមករាស្ថានភាពគ្រោះរាំងស្ងួតនេះនឹងមានភាពប្រសើរជាងមុនបន្តិចម្តងៗ ពីព្រោះអាកាសធាតុនឹងប្រែមកមានសំណើមបន្តិចឡើងវិញ។ តែយ៉ាងនេះក្តី អ្នកជំនាញនៃគណៈកម្មការទន្លេមេគង្គ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះថា ភាពរាំងស្ងួតនេះ នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់ដំណាំ ផលិតផលកសិកម្មនានា និងធ្វើឱ្យកង្វះទឹកប្រើប្រាស់ថែមទៀតផង៕ © 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may …