kampucheathmey.com
កម្ពុជា ​កំពុង​បន្ត​ខិតខំ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​សេដ្ឋកិច្ច​និង​ទីផ្សារ​ការងារ - Kampuchea Thmey
សៀមរាប ​៖​ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មាន​ប្រសាសន៍​ថា ​រាជរដ្ឋាភិបាល ​បាន​ និង​កំពុង​បន្ត​ខិតខំ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការប្រែប្រួល​យ៉ាង​លឿន នៃ​រចនាសម្ព័ន្ធ​ប្រជាសាស្ត្រ សេដ្ឋកិច្ច​ និង​ទីផ្សារ​ការងារ​។​ ​ លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ជាមួយគ្នានេះដែរ​ ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​នេះ​ ក៏​ឆ្លើយតប​ទៅ​នឹង​តម្រូ​វ​ការ​កាន់តែ​ខ្ពស់​ឡើង​របស់​ប្រជាពលរដ្ឋ នូវ​សេវា​កាន់​តែ​មាន​គុណភាព ការ​ឆ្លើយតប​បាន​ឆាប់រហ័ស​ និង​ប្រកបដោយ​សមធម៌ ​និង​មាន​តម្លាភាព។ ថ្លែង​នៅក្នុង​ពិធី​បើក​សន្និសីទ​អាស៊ី​-​ប៉ាស៊ីហ្វិក​របស់​សមាគម​ផ្តល់​សេវា​ការងារ​សាធារណៈ​ពិភព​លោក (WAPES )​ក្រោម​ប្រធានបទ ឌីជីថល​នីយកម្ម​ក្នុង​សេវា​ការងារ​សាធារណៈ​ កាលពី​ព្រឹក​ថ្ងៃទី​០២ ​ខែ​ធ្នូ ឆ្នាំ​២០១៩ ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​អង្គរ ភូ​គី​ត្រា ខេត្ត​សៀមរាប​ លោក​បណ្ឌិត អ៊ិត សំហេង បាន​ឲ្យ​ដឹង​ទៀតថា ​«​កម្ពុជា​យើង​ទើបតែ​បាន​បង្កើត​សេវា​ការងារ​សាធារណៈ ក្នុង​ឆ្នាំ​២០០៩ ដូច្នេះ​ការ​អភិវឌ្ឍ​ប្រព័ន្ធ ផ្តល់​សេវា​ដែលមាន​ភាព​ប្រទាក់ក្រឡា និង​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​ដោយ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅមានកម្រិត​ទាប​នៅឡើយ​។ ក្នុង​ន័យ​នេះ​ រាជរដ្ឋាភិបាល​ ក៏ដូចជា​ក្រសួង​ការងារ​ បាន​កំពុង​បន្ត​ខិតខំ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​យ៉ាង​លឿន នៃ​រចនាសម្ព័ន្ធ​ប្រជាសាស្ត្រ សេដ្ឋកិច្ច​ និង​ទីផ្សារ​ការងារ​ ព្រមទាំង​ទាមទារ​កាន់តែ​ខ្ពស់​ឡើង​របស់​ប្រជាពលរដ្ឋ នូវ​សេវា​កាន់​តែ​មាន​គុណភាព …